បើកុំតែឡានក្រឡាប់ក្អួតចេញឈើកុំអីមិនដឹងថាឡានដឹកឈើទេ តែពេលដឹងហើយក៏ឃាត់ទុក្ខ បន្ទាប់ពីឃាត់ទុក្ខហើយឥឡូវឮថារបូតវិញបាត់ តើពិតដែរឬទេ?
ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន! ដូចដែលមហាជនទូទាំងប្រទេស ពិសេសបងប្អូនដែលរស់នៅក្នុងខេត្តក្រចេះបានជ្រាប និងដឹងគ្រប់ៗគ្នាមកហើយថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មានរថយន្តម៉ាក Hyundai ក្បាលពណ៍ស ០១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-0224 ទ្រុងសឺមីរុឺម៉ក់សណ្តោងពណ៍ទឹកប៊ុិចពាក់ស្លាកលេខ ភ្នំពេញ 4A-4063 ដឹកដើមកាស្យាចេញពីក្រុមហ៊ុន សុិងបាយអូថេក (ហូលីផ្លេនថេសិន) ដែលបានក្រឡាប់ចេញមកសុទ្ធតែឈើហ៊ុបមូលជាច្រើនដុំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវកោងក្នុងភូមិត្រាំដុំ ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ នាពេលកន្លងទៅត្រូវបានក្រុមការងារដឹកនាំដោយលោក តាន់ គីមសួរ ប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិ បានសហការជាមួយលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ និងលោក សុង ប៊ុនឆាយ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានចុះធ្វើការវាស់វែងនិងបង្ក្រាបបាន រថយន្ត១គ្រឿង ដាក់ដើមកាស្យាពីលើ ឈើហ៊ុបមូលពីក្រោមចំនួន១១៩កំណាត់ ស្មើរនិង៣៦ម.៩២៣ ដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
ហើយក្រុមការងារបានធ្វើការឃាត់ចាប់ និងដកហូតវត្ថុតាងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅក្នុងស្នាក់ការក្រុមហ៊ុន សុី អេច ភី ប៊ី (CHPB) ដោយប្រគល់ជូនលោក អាង វុទ្ឋដា ប្រធានសន្តិសុខក្រុមហ៊ុន សុី អេច ភី ប៊ី ជាអ្នកទទួលថែរក្សាបណ្តោះអាសន្នដើម្បីទុកចាត់ការតាមនីតិវិធីស្តីពីច្បាប់ព្រៃឈើ។
ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងស្រាប់បែកធ្លាយប្រភពពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះថារថយន្តដែលកម្លាំងជំនាញធ្វើការឃាត់ចាប់ខាងលើត្រូវបានដោះលែងឲ្យទៅក្រុមហ៊ុន សុិងបាយអូថេក វិញដោយមិនដឹងថាមានមូលហេតុអ្វីឲ្យប្រាកដនោះទេ។
យោងតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពយើងថា រថយន្តវ៉េអងដឹកដើមកាស្យា ក្រឡាប់ចេញសុទ្ធតែឈើហ៊ុនមូលនោះ បច្ចុប្បន្នត្រូវបានដោះលែងទៅវិញតាំងពីមុនចូលឆ្នាំមកម្លេះ ដោយរូបលោកជាមន្ត្រីតូចតាច ក៏មិនបានដឹងនោះដែរ គឺស្រេចតែថ្នាក់លើតែប៉ុណ្ណោះ ។
ចំណែកលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ក្រុមការងារបានបានខលសុំការបំភ្លឺតាមរយៈលេខទូរស័ព្ទ០៧១៦៦៦៩៥៧៨ លោកថា រូបលោកមិនបានដឹងនោះឡើយ ដោយសាររូបលោករវល់ទៅភ្នំពេញ ម្យ៉ាងទៀតរូបលោកបានផ្ញើរនិងលោក អាង វទ្ឋដា ប្រធានសន្តិសុខរបស់ក្រុមហ៊ុន សុីអេចភីប៊ី (CHPB) ជាអ្នកទទួលមើលការខុសត្រូវចំពោះរថយន្ត និងឈើហ៊ុបមូលទាំងនោះ ។
ចំណែកលោក នួន ពៅរតនា នាយខណ្ឌព្រៃឈើក្រចេះក្រុមការងារមិនអាចសុំការបំភ្លឺជុំវិញករណីខាងលើនេះបានទេ ដោយខលតាមរយ:លេខ០១២៨៩១២៣៤ ចូលជាច្រើនដងតែពុំមានអ្នកលើកទូរស័ព្ទ។
រីឯលោក អាង វុទ្ឋដា ប្រធានសន្តិសុខរបស់ក្រុមហ៊ុន សុី.អេច.ភី.ប៊ី ក្រុមការងារមិនអាចទំនាក់ទំនងសុំការបំភ្លឺបាននោះទេដោយពុំមានលេខទូរស័ព្ទ។
ជុំវិញការបាត់រថយន្តវ៉េអងដោយពុំដឹងពីមូលហេតុខាងលើនេះ មហាជនបានមានចង្ងល់ជាខ្លាំងថា
- ហេតុអ្វីបានជារថយន្តដែលចាប់ឃាត់បានដោយជំនាញរដ្ឋបាលព្រៃឈើ និងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ បាត់ដោយពុំមានអ្នកដឹងពិសេសជំនាញរដ្ឋបាលព្រៃឈើ?
- ចុះការបាត់បង់រថយន្តខាងលើនេះ ភាគីណាមួយជាអ្នកទទួលខុសត្រូវ? រដ្ឋបាលព្រៃឈើ រឺមួយខាងក្រុមហ៊ុន?
- មួយវិញទៀតនេះជារថយន្តខ្នាតធំ មិនមែនជានំចំណី ត្រូវស្រមោចសង្អាសុីអស់រកមិនឃើញឯណា? រឺមួយរថយន្តនោះចេះសេកមន្តអាគមគាថា បំបាំងខ្លួនបាត់ស្រមោលឈឹងយ៉ាងនេះ? សូមជំនាញពាក់ព័ន្ធនិងប្រធានសន្តិសុខរបស់ក្រុមហ៊ុន សុីអេចភីប៊ី មេត្តាបកស្រាយឲ្យបានច្បាស់លាស់ ត្រឹមត្រូវស្របតាមមាត្រដ្ឋានច្បាប់ផងទាន! ជៀសវាងប្រជាពលរដ្ឋថា កន្ទេលធំបន្លំដេក។
ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋរង់ចាំអ៊ុតមើលថាតើជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តក្រចេះ មានវិធានការនិងចំណាត់ការបែបណា តទៅទៀត ចំពោះការបាត់បង់រថយន្តវេអងដោយម្នាក់ៗថាមិនដឹងបែបនេះ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ពិសេសឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត មេត្តាចាត់កម្លាំងក្រោមឱវាទស្រាវជ្រាវករណីរថយន្តវេអង ត្រូវបានបាត់ដោយពុំបានដឹងពីមូលហេតុខាងលើនេះផងទាន៕
Post a Comment